មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានស្លាប់ហើយ

មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានស្លាប់ហើយនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅវេលាម៉ោង០៥៖៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅមុននេះបន្តិចពីទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ នឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

គួរជម្រាបថា មានករណីបាញ់សម្លាប់នៅខណ្ឌសែនសុខ បុរសជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារជាអ្នករកស៊ីលក់តាមអនឡាញកាលពីវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកស្នងការ ជួន ណារិន្ទ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង