ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ទំលុះទំលាយចូលលួចទៀនវស្សា
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀង លីហួ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានសារធាតុញៀន មុខរបរមិនពិតប្រាកដ កាលពីវេលាម៉ោង០៥៖០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចវត្តហារ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគាស់ទំលុះទំលាយចូលលួចទៀនវស្សា។
ចំពោះវត្ថុតាងចាប់យកបានរួមាន៖ *ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) ចំនួន០១គ្រឿង, *ទៀនវស្សា ចំនួន១៣ដើម , *កូនកាំបិតចំនួន០២, *ដែកគាស់ចំនួន០១។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជនរងគ្រោះឈ្មោះ ឡេង ឬទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ ស្នាក់នៅវត្តហារ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះជាព្រះសង្ឃនៅវត្តហារ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែសិង ក្នុងកុដិនៅវត្តហារខាងលើ ស្រាប់តែលឺសម្លេងឆ្កែព្រូស ត្រង់ក្លោងទ្វារធំ រួចជនរងគ្រោះក៏បានឈរសំឡឹងមើលពីលើកុដិទៅរោងដាក់ទូកង ខាងត្បូងព្រះវិហារ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ដើរចេញពីចំហៀងខាងជើងរោងទូកង ទៅខាងក្រោយរោងទូកងវិញ។ ពេលនោះជនរងគ្រោះ និងព្រះសង្ឃផ្សេងទៀត ក៏បានដើរទៅមើលឃើញស្នាមគាស់ជញ្ជាំងស័ង្កសីមួយសន្លឹក និងស្នាមគាស់ដែកចំរឹងជញ្ជាំងឃ្លាំងដាក់ទៀនវស្សាមួយប្រឡោះ រួចជនរងគ្រោះ និងព្រះសង្ឃផ្សេងទៀតបានដាក់វេនចាំឃ្លាំមើល។ រហូតដល់វេលាម៉ោង០៣៖០០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែលឺសម្លេងឆ្កែព្រូសម្តងទៀត រួចជនរងគ្រោះ និងព្រះសង្ឃមួយអង្គទៀតព្រះនាម ព្រំ នេន អាយុ២២ឆ្នាំ បានដើរសំដៅទៅមើលត្រង់ខ្លោងទ្វារធំ ក៏ឃើញជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ សៀង លីហួ ភេទប្រុស អាយុ៣១ឆ្នាំ កំពុងឈរទប់ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានផ្លាកលេខ ម៉ូតូចាស់នុងទី២- ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ កំពុង តែដើរអោបទៀនវស្សា០១ដើម បម្រុងលើកដាក់លើម៉ូតូម៉ាកខាងលើ និងឃើញទៀនវស្សាមួយចំនួនទៀតនៅក្បែរម៉ូតូជនង្ស័យ។ ពេលជនសង្ស័យមិនស្គាល់ឈ្មោះ ដែលអោបទៀនវស្សា០១ដើម បានឃើញព្រះសង្ឃ ក៏បានបោះទៀនវស្សាចោលក្បែរម៉ូតូ រួចរត់គេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀង លីហួ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍។
ប្រភពបន្តថា ពេលនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយជនរងគ្រោះក៏បានប្រគល់ជនសង្ស័យ រួមនិងវត្ថុតាង ១-ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់ចំនួន០១គ្រឿង) ២-ទៀនវស្សាចំនួន១៣ដើម , ៣-កូនកាំបិតចំនួន០២, ៤-ដែកគាស់ចំនួន០១ ឱ្យសមត្ថកិច្ច យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីធ្វើការស្តាប់ចម្លើយរបស់ជនសង្ស័យ និងវត្ថុតាងចាប់យក ហើយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕