សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចករណីអំពើហិង្សាលើខ្នងភ្នំគីរីរម្យ

នៅលើឧទ្យានជាតិគីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធមានម៉ូតូ០១គ្រឿង ម៉ាក់ scopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២ ជិះឌុបគ្នា០២នាក់ មានឈ្មោះ វី សុគុន្ធ ប្រុស ២៦ឆ្នាំ នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ម្នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះទៅបុកម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម លេខភ្នំពេញ:1KK-4037 ជិះគ្នា០២នាក់ មានឈ្មោះ សេង រ៉ាវ័ន្ត ប្រុស អាយុ២០ឆ្នាំ (អ្នកឌុប) នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ និងឈ្មោះ គង់ ណាវី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ បណ្ដាលឲ្យដួលទាំង០២ រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើឈ្មោះ វី សុគុន្ធ និងបក្ខពួក នៅកន្លែងកើតហេតុ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ម៉ែន សុខេម អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជានិងឡើងស្ទាក់ឃាត់បានជនបង្ក ០៣នាក់៖ ១-ឈ្មោះ សេង រ៉ាវ័ន្ត ២-ឈ្មោះ គង់ ណាវី ៣-ឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ និងឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន ចំណែកភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

សមត្ថកិច្ចដកហូតម៉ូតូចំនួន ០៣គ្រឿង៖ ១-គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២។២-ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ:1KK-4037។៣-ម៉ាកសងC125 សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ:1JA-7814។

ករណីខាងលើសមត្ថកិច្ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង