ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ

 

 

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះបន្ថែម។  ឯកឧត្ដមបន្តថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត។

នេះស្របតាមការដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” របស់រាជរដ្ឋាភិបាលដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមទៀតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តលើកឡើងថា ការទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024 ត្រូវបានលើកឡើងអំឡុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ តាមរយៈការដាក់ចេញនូវវិធានការចំនួន៨ រួមមាន៖

*១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍
*២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”
*៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន
*៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន
*៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប
*៦. ការលើកទឹកចិត្តផ្នែកពន្ធដារ
*៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍
*៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប

អត្ថបទដែលជាប់ទាក់ទង