រដ្ឋមន្រ្តីព័ត៌មានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ កិច្ចប្រជុំលើកដំបូងស្តីពីការកំណត់របៀបរបបការងាររបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយជាយន្តការផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ សមាសភាពគណៈកម្មការនេះ រួមមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ អស់លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មាន មន្ត្រីជំនាញ រួមទាំងទីប្រឹក្សាក្រសួងព័ត៌មាន ជាច្រើនរូប។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយមានភារកិច្ច ត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មការ ក៏មានភារកិច្ចដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចបង្កមហន្តរាយដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពកម្ពុជា។ គណៈកម្មការនេះដែរ ក៏ពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមបរទេស ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានរហ័ស ទាន់សភាពការណ៍ និងប្រសិទ្ធភាពខ្ពស់ រួមទាំងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អាចបង្កឱ្យកើតមានចលាចល ភាពវឹកវរនៅក្នុងសង្គម បង្កឱ្យកើតមានអំពើហិង្សាដែលបណ្តាលឱ្យអន្តរាយដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ របៀប រៀបរយសង្គម ជាដើម។
គណៈកម្មការ មានវិធានការឆ្លើយតបតាមរយៈសន្និសីទកាសែត ប្រកាសព័ត៌មាន និងចេញសេចក្ដីថ្លែងការណ៍ ដើម្បីឆ្លើយបំភ្លឺឱ្យទាន់សភាពការណ៍ដើម្បីប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឆ្លើយតបគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបរាល់ព័ត៌មានក្លែងក្លាយឱ្យបានរហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់៕