អភិបាលខេត្តកំពង់ស្ពឺធ្លាប់ហៅក្រុមហ៊ុនចំនួន៥ពិភាក្សាដើម្បីធ្វើផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់ធ្វើនៅឡើយ
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ក្នុងចំណោម១០០គ្រួសារ រស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នាទទូចស្នើរសុំដល់ប្រមុខរដ្ឋាភិបាល ដូចអាជ្ញាធរខេត្ត ជួយស្ថាបនា ជួសជុលផ្លូវមួយខ្សែ ដែលមានប្រវែងជិតមួយគីឡូម៉ែត្រដែលរងការខូចខាតធ្ងន់ធ្ងរក្រោយរថយន្តធំៗបើកឆ្លងកាត់រាល់ថ្ងៃបង្កជាសម្លេងរំខាន និងហុយខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅនិងសុខភាពសាធរណៈយ៉ាងខ្លាំង។
ប្រជាពលរដ្ឋលើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំង បើខែវស្សាវិញគឺមានទឹកហូរជនលិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហើយបើខែប្រាំងគឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុមហ៊ុនដឹកថ្មបើកឆ្លងកាត់មិនតែប៉ុណ្ណោះនៅពេលយប់រថយន្តធំៗបានបើកបង្កសម្លេងគ្រូងគ្រាំងស្ទើរបែកក្រដាស់ត្រចៀករំខានស្ទើមិនអាចសម្រាន្តសម្រាកបានឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា សូម្បីតែក្មេងៗសិស្សានុសិស្សដែលជិះកង់ទៅរៀនក៏លំបាកដែរ។ ម្យ៉ាងទៀតនៅពេលហូបបាយម្តងៗគឺមានដីហុយស្ទើតែហូបមិនកើត ដូច្នេះហើយទើបពួកគាត់សំនូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយដល់កូនចៅផងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសដូចជាមន្ទីរពាក់ព័ន្ធរួមនិងអាជ្ញាធរខេត្តផងដែរ។
បើតាមលោក ទឹម ផានូ អភិបាលក្រុងច្បារមន បានប្រាប់អ្នកសារព័ត៌មានថា « លោកបានដឹងហើយ ព្រោះលោកក៏ធ្វើដំណើរតាមផ្លូវនេះដែរ កន្លងមកខាងអាជ្ញាធរក្រុងក៏ធ្លាប់ស្នើសុំទៅខាងក្រុមហ៊ុនវាយថ្មឲ្យជួយជួសជុលដោយដឹកដីចាក់បំពេញបន្ថែមនិងបាញ់ទឹកជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំផងដែរ។ លោកបន្តថាកាលពីអាទិត្យមុន លោកបានធ្វើសំណើរសុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺដើម្បីទម្លាក់គំរោងធ្វើផ្លូវបេតុងទើបជាប់បានយូរព្រោះដោយសារតែផ្លូវនេះជាផ្លូវវាងសម្រាប់ឡានធំៗដឹកថ្ម គំរោងដែលស្នើសុំទៅខេត្តធ្វើផ្លូវនោះគឺចាប់ពីវត្តម្រុំកែងការ៉ាស់សាំងខាងត្បូងរហូតមកដល់ផ្លូវបំបែកមកដល់និងភូមិញររហូតដល់ផ្លូវជាតិលេខ៤តែម្តង ផ្លូវនេះលោកទទួលស្គាល់ថាវាពិតជាពិបាកមែនដោយមានជង្ហុកធំៗ ក្នុងនោះថវិការបស់ក្រុងយើងគឺវាមានកំរិតដូច្នេះហើយលោកក៏បានស្នើរសុំទៅថ្នាក់លើដើម្បីជួយសម្រួលធ្វើផ្លូវនេះឡើងវិញឲ្យវាជាប់បានល្អកុំឲ្យវាហុយនិងឲ្យបងប្អូនធ្វើដំណើរបានស្រួល»។
បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា អរគុណប្អូន តាមពិតយើងមើលទាំងអស់ផ្លូវនៅក្នុងខេត្តប៉ុន្តែដោយសារ ថវិកា យើងនៅមានកំរិតហើយយើងត្រូវមើលថាផ្លូវណាជាផ្លូវអទិភាពយើង ត្រូវធ្វើមុន ឬធ្វើក្រោយយើងមិនអាចធ្វើក្នុងពេលតែមួយបាននោះ។ ផ្លូវនឹងគឺខាងក្រុមហ៊ុនធ្វើសម្រាប់ដឹកថ្មនៅពេលដឹកយូៗទៅបងប្អូនប្រជាពលរដ្ឋដែលមានដីគាត់បាននាំគ្នាទៅធ្វើផ្ទះដូចដែល សម្តេចលោកមានប្រសាសន៍ថា ទីណាមានផ្លូវគឺតែងតែមានសង្ឃឹម ហើយក៏មានការរីកចម្រើនច្រើនណាស់ដែរ។
លោកបន្តថាលោកមិនមែនមើលនឹងភ្នែកនោះទេ ព្រោះកន្លែងណា ក៏ប្រជាពលរដ្ឋ របស់លោកដែរ។ លោកបន្តថា លោកបានហៅក្រុមហ៊ុនទាំងអស់មានចំនួន៥មកពិភាក្សា ហើយខាងក្រុមហ៊ុនដឹកថ្មទាំងនោះថា នឹងជួយធ្វើផ្លូវនេះ ដោយចាក់បេតុងដើម្បីកុំឲ្យពិបាកស្រោចទឹក ប៉ុន្តែរហូតមកដល់ពេលនេះខាងក្រុមហ៊ុនមិនទាន់ធ្វើ។ លោកបន្តទៀតថា ចាំមើលបើខាងក្រុមហ៊ុនមិនព្រមធ្វើលោកនឹងរកដំណោះស្រាយ។ លោកបញ្ជាក់ថា កន្លងទៅខាងក្រុមហ៊ុនបានទទួលយកសំនូមពររួចហើយថានឹងជួសជុលនៅឆ្នាំក្រោយនេះតែម្តង៕