រដ្ឋមន្ត្រីក្រសួងព័ត៌មាននឹងដកអាជ្ញាប័ណ្ណសារព័ត៌មាននៅកម្ពុជាដែលផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយ អ្នកសារព័ត៌មានត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឱ្យបានម៉ត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ។ ការបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល» នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ព័ត៌មានក្លែងក្លាយមានន័យច្រើន ព្រោះខ្លះជាព័ត៌មានដែលគេបំភ្លៃ និងព័ត៌មានខ្លះមិនបំភ្លៃទេ ប៉ុន្តែគេពង្រីកពីតូច ឱ្យទៅជាធំ ដែលបញ្ហានេះ សំខាន់គឺអ្នកសារព័ត៌មាន ជាអ្នកត្រូវលុបបំបាត់នូវព័ត៌មានក្លែងក្លាយនេះ។
ឯកឧត្ដមបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ អាចនឹងកើតមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បង្កការប៉ះពាល់ដល់ការបោះឆ្នោត ដែលបញ្ហានេះក៏សូមអំពាវនាវ ដល់សារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយបន្សាប ឆ្លើយតបឱ្យបានទាន់ពេលវេលា។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានដាស់តឿនដល់សារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត «មិនបំពានអ្នកដទៃ កុំបំភ្លៃការពិត» ហើយកម្ពុជាមានសិទ្ធិដកនូវអាជ្ញាប័ណ្ណសារព័ត៌មាននៅកម្ពុជា ដែលផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌ ហើយអ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយ និងព័ត៌មានក្លែងក្លាយ៕