ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិ ក្រុមហ៊ុន Lippo Group និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិ ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាឱកាសនេះ លោក Jonh Riady បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយក្នុងនោះលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។

ក្នុងនោះដែរចំពោះបរិយាកាសវិនិយោគនៅកម្ពុជា លោកនាយក​ប្រតិបត្តិក្រុមហ៊ុន មានចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជារួមមាន វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

គួរជម្រាបថា៖ ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ ៦០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម៕

អត្ថបទដែលជាប់ទាក់ទង