ព្រោះតែដេកឱបទុក្ខ រងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ ដោយសារប្ដីមានស្រី និងជេរប្រមាថ ទើបដាច់ចិត្តផ្ដាច់បំពង់កប្ដីឲ្យស្លាប់តែម្ដងទៅ

កំពង់ធំ៖ ស្ត្រីជាឃាតករលើកដៃប្រហារប្ដីកាប់ផ្ដាច់បំពង់កឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈប្ដីកំពុងដេកលង់លក់នៅលើគ្រែក្រោមផ្ទះកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ដោយមានការយកចិត្តទុកដាក់ពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានការសហការជាមួយកម្លាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្កបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនបានជនសង្ស័យដែលជាឃាតករមានឈ្មោះ លាវ លុយ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិ-ឃុំខាងលើដែលជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យុន សារៀង។

ឃាតករបានសារភាពថា តាំងពីរៀបការនិងគ្នាមករូបគាត់នឹងប្តីដែលគាត់សម្លាប់នោះមានកូនចំនួនពីរនាក់ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ គឺនៅសល់តែពួកគាត់០២នាក់ប្តីប្រពន្ធនោះទេ ចំណែកមូលហេតុដែលបង្ខំឲ្យគាត់ដាច់ចិត្តហ៊ានសម្លាប់ប្តី ក៏ដោយសារតែអស់រយៈពេលប្រហែល៣ឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ។ ឯរឿងលុយកាក់ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់ចាំតែចាប់កំហុស គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេរប្រមាថមើលងាយ និងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់។ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

គួរជម្រាបជូនថា ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿង រួចបញ្ជូនខ្លួនជនសង្ស័យទៅកាន់ពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង