ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ប្រព័ន្ធភស្តុភារកម្មជាចំណែកដ៏សំខាន់សម្រាប់លើកកម្ពស់ការធ្វើធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែង ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុត
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានភាពកាន់តែល្អ ប្រសើររួមចំណែកលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័នជាច្រើនរូបផ្សេងទៀត។
នៅក្នុងពិធីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ប្រព័ន្ធភស្តុភារកម្មជាចំណែកដ៏សំខាន់សម្រាប់លើកកម្ពស់ការធ្វើធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែង ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងកិច្ចប្រជុំនេះ បានលើកបង្ហាញ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣»។ ផែនការមេនេះ បានបង្ហាញថា ដើម្បីប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជាមានភាពល្អប្រសើរ តម្រូវការវិនិយោគលើប្រព័ន្ធភស្តុភារកម្មប្រមាណ ១៧៤គម្រោង ហើយត្រូវការទុនវិនិយោគ ៣៦.៦ពាន់លានដុល្លារអាមេរិក»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាលដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម នៅ កម្ពុជា។
ភស្តុភារកម្មសំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការ អភិវឌ្ឍធាតុសំខាន់ចំនួន៦រួមមាន៖ *ទី១៖ ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។ *ទី២៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ។ *ទី៣៖ សមត្ថភាពនិងគុណភាពនៃស្ថាប័នផ្តល់សេវាភស្ដុភារកម្ម មានជាអាទិ៍ ស្ថាប័ន ដែលពាក់ព័ន្ធនឹង ការ ធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ។ *ទី៤៖ ការផ្តល់សេវាភស្ដុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។ ៥៖ ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ។ *ទី៦៖ ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ។
ក្រុមប្រឹក្សាជាតិភស្តុភារកម្ម មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ * ផ្ដល់គោលការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ * យុទ្ធសាស្តផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា * សម្របសម្រួល និងត្រួតពិនិត្យចុងក្រោយនូវយុទ្ធសាស្ត្រផែនការមេ ផែនការ សកម្មភាព និងលិខិតបទ ដ្ឋាន គតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច * កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និង រយៈ ពេលវែង * កៀរគរការគាំទ្រធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បី ជំរុញការអភិវឌ្ឍវិស័យភស្ដុភារកម្ម ត្រួតពិនិត្យការអនុវត្តការងារ និងផ្ដល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងវិស័យភស្តុភារកម្ម * ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕