ឯកឧត្តម គីម រិទ្ធី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះខេត្ត មេបញ្ជាការកងកម្លាំងទាំង០៣ លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង០៨ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥១។
ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈ មួយចំនួន រួមមាន៖
*ទី១៖ របាយការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយព្រំដែន និងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
*ទី២៖ ផែនការការពារសន្តិសុខ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤
*ទី៣៖ របាយការណ៍ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីរដ្ឋ។
ទន្ទឹមនោះ ឯកឧត្តម គីម រិទ្ធី អភិបាល បានថ្លែងថា ដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសតាំងាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹអាណត្តិទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះវិហារ ឲ្យប្រព្រឹត្តទៅក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការភ័យខ្លាច គ្មានអំពើហឹង្សា គំរាមកំហែងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់ចេញផែនការមួយចំនួនដូចខាងក្រោមចៈ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង០៣ ត្រូវបញ្ជាដឹកនាំមន្រ្តីក្រោមឱវាទត្រូវមានស្មារតីប្រុងប្រយ័ត្ន ពង្រឹងការកសាងសមត្ថភាព និងឈ្វេងយល់ឲ្យបានច្បាស់លាស់អំពីគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់សេវាសន្តិសុខ សុវត្ថិភាពដល់មុខសញ្ញា និងគោលដៅទាំងអស់៕