នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ « សុវត្ថិភាពរបស់អ្នកផ្សេងក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង…»
ភ្នំពេញ៖ បញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។ លោកបានព័ណ៌នាពីសកម្មភាពមួយចំនួនដែលត្រូវធ្វើភ្លាមៗពេលដល់ចំណុចដែលត្រូវទម្លាក់។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា ការទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរគែមានហានិភ័យជាខ្លាំង តែថាមិនអាចយកហានិភ័យនោះធ្វើជាឧបសគ្គនៃការប្រតិបត្តិការនោះទេ។
នាយឧត្ដមសេនីយ៍បានសរសេរបន្ថែមថាការមិនហ៊ានលោតចុះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការទាំងមូល។
នាយឧត្ដមសេនីយ៍បន្តទៀតថា៖ «សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស)»។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនរូបនេះបានបញ្ជាក់ថាភាពជោគជ័យរបស់បេសកកម្មគឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូបរួមទាំងខ្លួនយើងផង។
នាយឧត្ដមសេនីយ៍បានបង្ហោះបែបនេះដោយអមនឹងរូបថតពីរសន្លឹកនៃសកម្មភាពលោតឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរកាលពី១០ឆ្នាំមុន៕