ក្រសួងសាធារណការបើកកិច្ចប្រជុំ ស្ដីពី “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា”

ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាសហធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលរួម (The 3rd Coordinating Committee) នៃ “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា” របស់ JICA ដែលក្នុងនោះក៏មានការអញ្ជើញជាអធិបតីភាពពី លោកស្រី MIYAHARA Ai អនុប្រធានតំណាងនៅទីស្នាក់ការ JICA ប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃសកម្មភាពរួមរបស់គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដើម្បីពិនិត្យពិភាក្សាស្វែងរកការឯកភាពរួមពីអង្គប្រជុំលើចំណុចដែលត្រូវបញ្ជាក់មួយចំនួនរួមមាន ការរៀបចំវគ្គបណ្ដុះបណ្ដាល ការស្នើសុំផ្ដល់ព័ត៌មាន និងឯកសារសម្រាប់អនុវត្តការងារ និងការរៀបចំក្រុមប្រឹក្សាបច្ចេទេសជាដើម ដើម្បីសម្រួលលើការអនុវត្តការងារក្នុងគម្រោងនេះ។

គម្រោងនេះជាជំនួយបច្ចេកទេសរបស់ JICA ក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងដើម្បីផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជនកម្ពុជាលើសុវត្ថិភាពចរាចរណ៍ តាមរយៈការដាក់ចេញនូវគម្រោងការគាំទ្រលើវិធានការសុវត្ថិភាពចរាចរណ៍ផ្សេងៗ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង