Breaking News: ដំរីព្រៃបោលបុកជនជាតិបរទេសម្នាក់ធ្លុះពីខ្នងធ្លាយមកខាងមុខ រងរបួសធ្ងន់
មណ្ឌលគីរី៖ បុរសជនជាតិបរទេសម្នាក់ត្រូវបានសត្វដំរីព្រៃមួយក្បាលបុកបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈពេលគាត់បានបម្រុងបាញ់ថ្នាំសណ្ដំដើម្បីដាក់កាមេរ៉ានៅប្រឡៅក។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅល្ងាចថ្ងៃនេះ។
បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែកបានឱ្យដឹង នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់នៅចំណុចត្រពាំងមេតយស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។
ប្រភពព័ត៌មានបានបន្តថា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រមាណជាជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាអ្នកបម្រើការងារឲ្យអង្កការ WWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផងត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។
ប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកតាមទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧទ្ធម្ភាគចក្រសង្គ្រោះនៅរាជធានីភ្នំពេញ៕ ដោយ៖ ការីនិពន្ធ