ឯកឧត្តម ឯម ច័ន្ទមករា៖ កម្មវិធីរួមគ្នាអនុវត្តដោយ UNDP, OHCHR, UNESCO រួមទាំងជំនួយបច្ចេកទេសពី ILO ពិតជាកម្មវិធីមួយជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ មានក្តីសោមនស្សរីករាយដោយ ពិនិត្យឃើញនូវសមិទ្ធិផលចំបងៗដែលទទួលបានពី កម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) និងអនុសាសន៍នានាពីសហប្រធាន និងសមាជិកនៃគណៈកម្មការវាយតម្លៃកម្មវិធី។

លោកលើកឡើងបែបនេះក្នុងការអញ្ជើញចូលរួមកម្មវិធីបិទកិច្ចប្រជុំលើកទី២ នៃគណៈកម្មការវាយតម្លៃកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងកម្ពុជា (ADRC) ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យ UNDP។

ឯកឧត្តម ឯម ច័ន្ទមករា កត់សម្គាល់ឃើញថា កម្មវិធីរួមគ្នាដែលអនុវត្តដោយ UNDP, OHCHR, UNESCO រួមទាំងជំនួយបច្ចេកទេសពីអង្គការ ILO ពិតជាកម្មវិធីមួយដែលជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជាពិសេសលើការតាក់តែងនិងអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងពិការភាព រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងសេចក្តីព្រាងរបាយការណ៍របស់រដ្ឋាភិបាល លើការអនុវត្តអនុសញ្ញស្តីពីសិទ្ធិជនមានពិការភាពជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនានាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ព្រមទាំងដៃគូរអភិវឌ្ឍន៍នានា។

ឯកឧត្តមជឿជាក់ថា ការអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) នេះ នឺងគោលបំណងលើកកម្ពស់សិទ្ធិ និងបរិយាបន្នជនមានពិការភាពប្រកបដោយភាពសកម្មនិងពេញលេញទៅក្នុងសង្គមកម្ពុជា។

គួរឱ្យដឹងដែរថា ឯកឧត្តម ឯម ច័ន្ទមករា ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការវាយតម្លៃកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយបានពិភាក្សានិងអនុម័ត ក្នុងការអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) នេះ ជាមួយ អតីតប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកស្រី Pauline Tamesis ផងដែរ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង