ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង..!
ព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តម គន់ គីម បានពាំនាំពាក្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាអតីតយុទ្ធជន ក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោបានលើកឡើងថា ធ្លាប់បានកាន់ជាប្រធានសមាគមអតីតយុទ្ធជនស្រុកកោះធំគ្រប់គ្រងប្រមាណជាង ៣០០ គ្រួសារ។ ថ្ងៃនេះមានឱកាសទទួលភារកិច្ចដដែលនៅទឹកដីថ្មី ប៉ុន្តែគ្រប់គ្រងរហូតជាង៤០០០ គ្រួសារ ។ ជាការងារមួយខ្ញុំពេញចិត្តនឹងធ្វើ ដើម្បីជាការដឹងគុណ ខ្ញុំនឹងបំពេញតួនាទីនេះឱ្យបានប្រសើរអស់ពីសមត្ថភាពមាន។
គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕