ការផ្តល់អាទិភាពដល់វិស័យសុខាភិបាលជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងបច្ចុប្បន្ន និងអនាគត

ភ្នំពេញ៖ «សុខភាពគឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់វិស័យសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះអគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតបានបន្តថា ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំជំរុញការអភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។

ឯកឧត្តមបន្តទៀតថា ជាលទ្ធផលកម្ពុជាអាចសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ ហើយកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍រួចមកហើយ ដូចជា ការកាត់បន្ថយអត្រាមរណៈកុមារ ការលើកកម្ពស់សុខភាពមាតា ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈ និងជំរុញឱ្យកាន់តែកៀកខិតជិតមូលដ្ឋាន នូវសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជំងឺ សេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋ និងឱកាសការងារ ជាដើម។ លើសពីនេះ សម្តេចតេជោ តែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍លំបាក និងគ្រោះថ្នាក់ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ជាក់ស្តែងក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា សម្តេចតេជោ គឺជាកូនខ្មែរមួយរូបដែលបានលះបង់ចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការឧបត្ថម្ភគាំពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត ដោយក្នុងរយៈកាលកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជម្ងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតបានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពតដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ មួយវិញទៀត ក៏សូមសម្តែងនូវការអរគុណចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពត មន្ទីរសុខាភិបាល អាជ្ញាធរស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងការសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការរបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ចាប់តាំងពីពេលដាក់ឱ្យដំណើរការពីឆ្នាំ២០១៧ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វេហតុបម្រើប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ននេះ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង