អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព និង អំពាវនាវដល់យុវជនមានពិការភាពគ្រប់ប្រភេទ ដើម្បីចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចេញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា វគ្គចុងក្រោយនៃការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។
យុវជនមានពិការភាពអាចចូលរួមប្រកួតប្រជែងបានត្រូវមានអាយុពី ១៤ដល់ ២៣ឆ្នាំ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ និងត្រូវមានការអនុញ្ញាតិពីគ្រួសារ អាណាព្យាបាល និងសាលារៀនដើម្បីចូលរួមបណ្តុះបណ្តាលនិងប្រកួត ព្រមទាំងអាចចូលរួមបណ្តុះបណ្តាលប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ទាំងតាមអនឡាញ-ផ្ទាល់ និងត្រូវចេះភាសាអង់គ្លេសដែលអាចទំនាក់ទំនងសាមញ្ញបាន និងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ និងមានកុំព្យូទ័រ ឬស្មាតហ្វូនសម្រាប់ការសិក្សានិងប្រកួត។
ចំពោះកាលបរិច្ឆេទនិងទីកន្លែងទទួលពាក្យ យុវជនមានពិការភាព សាលារៀន ក្រុមគ្រួសារ អាណាព្យាបាល អង្គការ សមាគម ក្រសួង មន្ទីរ ស្ថាប័ន ដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងផ្ទាល់ទៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានទីតាំងនៅក្នុងបរិវេណទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
គួរឱ្យដឹងដែរថា យុវជនកម្ពុជាធ្លាប់បានឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលរៀបចំនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៣នេះ ធ្វើនៅសហព័ន្ធអារ៉ាប់រួម (United Arab Emirates) និងអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕