ក្នុងចំណោម២៧៧នាក់ មានអ្នកបើកបរ២៥នាក់ ត្រូវបាននគរបាលឃាត់យកមកអប់រំភ្លាមៗ ក្រោយរកឃើញបើកបរមានជាតិស្រវឹងលើសកម្រិត

(បន្ទាយមានជ័យ)៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាដល់ផែនជំនាញនិងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។

ប្រភពបញ្ជាក់ថា ចំពោះលទ្ធផល ដោយកម្លាំងនគរបាលជំនាញមានការសង្ស័យក៏បានធ្វើតេសលើអ្នកបើកបររថយន្តតូច២៧២គ្រឿង , អ្នកបើកបររថយន្តធំ ០៤គ្រឿង ,ម៉ូតូ ៤១២គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបេីកបរសរុប ២៧៧នាក់ ស្រី៥៩នាក់។

ប្រភពអះអាងថា ក្នុងនោះអ្នកបើកបរមានជាតិអាល់កុល២៥នាក់។ ម៉ូតូ១៩គឿង, រថយន្តតូច ០៦គ្រឿង ត្រូវបានធ្វើការអប់រំនៅនិងកន្លែង ឲ្យថយជាតិអាល់កុល និងឲ្យសាច់ញាតិមកយកត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង