ឯកឧត្តម គីម រិទ្ធី ៖ «មានផ្លូវ មានក្តីសង្ឃឹម»
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ប្រវែង២៤គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកសង្គមថ្មី ដល់ឃុំរណសិរ្ស ប្រាសាទបាកាន ហៅព្រះខ័នកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ពុកម៉ែ បងប្អូន អាចទៅប្រាសាទបាកាន ហៅ ព្រះខ័នកំពង់ស្វាយ ដោយងាយស្រួល នាពេលខាងមុខនេះ។
ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថា បច្ចុប្បន្នផ្លូវខាងលើអាចធ្វើដំណើរទៅបាន ទោះបីជាផ្លូវនេះកំពុងឆូសឆាយក៏ដោយ ប៉ុន្តែហុយបន្តិច ហើយ ព្រោះពុំទាន់ក្រាលកៅស៊ូ។
គួរជម្រាបជូនថា កំណាត់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ពីឃុំចំរើន ទៅឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ប្រវែង ២៤,២គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាផ្លូវការ៕