ឯកឧត្ដម គីម រិទ្ធី៖ រោងចក្រកែច្នៃកៅស៊ូថ្មីនេះនឹងជួយបង្កើតការងារបន្ថែមក្នុងមូលដ្ឋាន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ ឯកឧត្ដម គីម រិទ្ធី បានគូសបញ្ជាក់ថា «រោងចក្រកែច្នៃកៅស៊ូថ្មីនេះនឹងជួយបង្កើតការងារបន្ថែមក្នុងមូលដ្ឋាន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ការគូសបញ្ជាក់របស់ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត ឯ.ក ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា «ការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ»។

ឯកឧត្ដម គីម រិទ្ធី បានបន្តទៀតថា ក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត បានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង