នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជនស្ម័គ្រចិត្តដែលរៀបចំបេះដូងយ៉ាងធំនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ដែលបានចូលរួមរៀបចំផ្គុំបេះដូងក្រដាសធ្វើជាបេះដូងដ៏ធំ និងពាក្យខ្មែរដ៏ធំ នៅប្រាសាទអង្គរវត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងផេក Hun Manet – C.O.Army Office ដូច្នេះថា៖ «សូមកោតសរសើរចំពោះការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តដែលបានចូលរួមរៀបចំយ៉ាងសកម្មចំពោះការរៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិយើង»។

បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំលេចជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» នៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រងបង្ហាញដល់ពិភពលោក ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោកនៅថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣ នេះ។

នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រៅពីរៀបចំបេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្មពិភពលោក កម្ពុជាក៏បានត្រៀមរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ម្តងទៀតផងដែរ ដោយកាលឆ្នាំ២០១៥ កម្ពុជាបានរាំម៉ាឌីហ្សូនដែលមានអ្នករាំ ២០១៥នាក់សម្រាប់បំបែកឯកត្តកម្មពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង