សម្ដេច ហ៊ុន សែន៖ សុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ
សៀមរាប៖ «សុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់»។ នេះជាប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ និងបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងក្តីសង្ឃឹម» ដែលរៀបចំឡើងនៅក្នុងបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ពេលនេះពលរដ្ឋខ្មែរកំពុងរីករាយ តែ៤៨ឆ្នាំមុនវិញ ម៉ោងនេះសំឡេងគ្រាប់ផ្លោងលាន់ឮកងរំពងគ្រប់ទីកន្លែង រាប់ទាំងភ្នំពេញផងដែរ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។
សម្តេចបន្តថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំ។ ទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតា។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ និងអរូបនិយ។ សម្ដេចបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបិយ និងអរូបិយហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។
ទន្ទឹមនោះ សម្តេចបានគូសបញ្ជាក់ថា កត្តាទាំង៦ ដែលនាំឱ្យកើតមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តរួមមាន៖ *ទី១-សុខសន្តិភាព ស្ថេរភាពនយោបាយ, *ទី២-យកឈ្នះលើជំងឺកូវីដ១៩, *ទី៣- ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, *ទី៤- មានមធ្យោបាយធ្វើដំណើរ, *ទី៥- ថវិកា និង*ទី៦- គំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕