កម្ពុជា-វៀតណាមសម្តែងមោទកភាពការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។
ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា កំពុងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ជាការឆ្លើយតបលោកឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃការចាប់ផ្តើមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតផ្នែកយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលបណ្តាអង្គភាពទ័ពចំណុះភាគីទាំងពីរខិតខំសម្រេចបានពេញមួយឆ្នាំកន្លងទៅនេះ ដោយបានប្រាស្រ័យទាក់ទងគ្នាជាប្រចាំតាមរយៈយន្តការគ្រប់កម្រិត និងបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និទ្ធ ក្នុងការល្បាតតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវបទល្មើសឆ្លងដែននានា រួមទាំងការផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងកាលៈទេសៈលំបាកនានាផងដែរ។
លទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងកាត់បន្ថយនូវរាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឱ្យប្រជាជននៃប្រទេសទាំងពីរបានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបរអាជីវកម្មទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជនទាំងសងខាង។
សម្រាប់ទិសដៅឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរឆ្នាំ២០១៩ ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគដំណាក់កាល ២០២០ -២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហការលើការងារការពារព្រំដែនគោកនៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ជាដើម។
ក្នុងជំនួបនេះ «ភាគីទាំងពីរក៏បានសម្តែងនូវមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”»៕