ឯកឧត្តម ហាក់ សុខមករា អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៦៣៤គ្រួសារ នៅភូមិព្រែកតាកេរ ឃុំកោះធំ”ខ”

កណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណ:អភិបាលខេត្តតំណាងឯកឧត្តមអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៦៣៤គ្រួសារ ស្មើនឹង១,២០៦ប័ណ្ណ នៅភូមិព្រែកតាកេរ ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។

នេះជាលើកទី២ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះធំ”ខ” ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវស្របច្បាប់បន្ទាប់ពីភូមិសំប៉ាន ដែលបានធ្វើពិធីចែកប័ណ្ណរួចនាពេលកន្លងមក​ ហើយអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធនឹងបន្តពន្លឿនការងារបច្ចេកទេស ដើម្បីរៀបចំធ្វើការចែកប័ណ្ណនៅក្នុងភូមិផ្សេងទៀត នៃឃុំកោះធំ”ខ” និងគ្រប់ភូមិ នៃឃុំទាំង០៦ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។

បច្ចុប្បន្ននេះក្រុមការងារជំនាញបច្ចេកទេស បានធ្វើការវាស់វែងកំណត់ក្បាលដីរួចរាល់អស់ហើយ និងកំពុងធ្វើការពិនិត្យវិនិច្ឆ័យតាមភូមិគោលដៅនៃឃុំនីមួយៗ ដើម្បីពន្លឿន និងបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងស្រុកកោះធំឲ្យបានឆាប់ ក៏ដូចជាទូទាំងខេត្តកណ្តាលនៅឆ្នាំ២០២៥ ស្របតាមផែនការការងារអាទិភាព និងការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧៕

អត្ថបទដែលជាប់ទាក់ទង