លោកស្នងការ ឈឿន សុចិត្ត ជូនដំណឹងដល់អ្នកសារព័ត៌មានអនឡាញមួយចំនួនតូចឲ្យមកយកកាតវិញនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានគ្រប់ពេល

កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលជូនដំណឹងដល់អ្នកសារព័ត៌មានអនឡាញមួយចំនួនតូចដែលតែងតែចុះផ្សាយពីកន្លែងលួចបើកល្បែងស៊ីសងខុសច្បាប់ ហើយបានជ្រុះកាត និងផ្ញើកាតរបស់ខ្លួននៅទីតាំងដែលបងប្អូនធ្លាប់ចុះទៅបំពេញការងារឲ្យមកយកកាតវិញនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានគ្រប់ពេល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុករបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានឲ្យដឹងថា សូមជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូចដែលតែងតែចុះផ្សាយពីកន្លែងលួចលេងបើកល្បែងស៊ីសងខុសច្បាប់ផ្ញើមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងរូបខ្ញុំបាទផ្ទាល់ ឃើញថា បងប្អូនបានជ្រុះកាត ផ្ញើកាតរបស់ខ្លួននៅទីតាំងដែលបងប្អូនធ្លាប់ចុះទៅបំពេញការងារ សូមអញ្ជើញមកទទួលយកកាតវិញបានគ្រប់ពេល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

លោកស្នងការបានបញ្ជាក់ថា សូមអញ្ជើញទំនាក់ទំនងជាមួយអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី តាមរយះប្រព័ន្ធទូរស័ព្ទ៖ 077449990 , 0975555371 ២៤ម៉ោង លើ២៤ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង