ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាស្ថាប័នសំខាន់មួយក្នុងការជួយសម្រួលដល់ដំណើរការដោះស្រាយវិវាទនៅកម្ពុជា
កណ្ដាល៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាស្ថាប័នសំខាន់មួយក្នុងការជួយសម្រួលដល់ដំណើរការដោះស្រាយវិវាទនៅកម្ពុជា ដោយផ្តល់នូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈសម្រួល ឆាប់រហ័ស ចំណាយតិច និងរក្សាបាននូវសម្ព័ន្ធភាពរវាងភាគីវិវាទ។
ការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាលក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា តាមរយៈសិក្ខាសាលានេះ មន្ត្រីថ្នាក់ក្រោមជាតិនឹងទទួលបានចំណេះដឹង និងជំនាញចាំបាច់ក្នុងការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋអំពីដំណើរការដោះស្រាយវិវាទតាមរយៈ អ.ដ.ក. សិក្ខាសាលានេះ ក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសួរសំណួរ និងពិភាក្សាអំពីបញ្ហាប្រឈម និងយន្តការដោះស្រាយវិវាទនានា ដែលអាចជួយពួកគេក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិតបានបន្តថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីតួនាទី និងសារៈសំខាន់របស់ អ.ដ.ក. ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល និងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅជិតប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតអនុប្រធានបានថ្លែងឲ្យដឹងថា សិក្ខាសាលានេះ បានផ្តោតទៅលើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃ អ.ដ.ក. ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល និងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា។ វាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់ អ.ដ.ក. ក្នុងការដោះស្រាយវិវាទនានា។
ឯកឧត្តមរដ្ឋលេខាធិការបានឲ្យដឹងទៀតថា សិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅខេត្តកណ្តាល នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយបានផ្តល់នូវចំណេះដឹង និងជំនាញដ៏សំខាន់ដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋអំពីដំណើរការដោះស្រាយវិវាទតាមរយៈ អ.ដ.ក. នេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា និងធានាឱ្យប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌ដោយឆាប់រហ័ស និងមានប្រសិទ្ធភាព៕