ឯកឧត្តម ជុំ កុសល បានដោះស្រាយភ្លាមៗពីសំនូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត

ក្រចេះ៖ ឯកឧត្តម ជុំ កុសល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រទី២៣ ខែសីហា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីភាព «វេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា» នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

នៅក្នុងវេទិការសាធារណៈខាងលើ ប្រជាពលរដ្ឋបានសំណូមពរ៖ ១៖ បណ្តាញអគ្គីសនី,២៖ មតេយ្យសហគមន៍, ៣៖ ផ្លូវលំភូមិ១ខ្សែ, ៤៖ រឹតបន្តឹងច្បាប់ចរាចរមុខសាលា ដែលតែងបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរ, និង៥៖ ប័ណ្ណក្រីក្ររបស់និសិត្សព័ត៌មានវិទ្យាម្នាក់។

ឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖ ១៖ នឹងអោយក្រុមការងារមន្ទីររ៉ែ និងថាមពលចុះសិក្សាស្ថានភាពផ្ទាល់ក្នុងពេលខាងមុខ, ២៖ មន្ទីរអប់រំយុវជន និងកីឡា នឹងចុះផ្តល់ផ្នែកបច្ចេកទេសដល់មតេយ្យសហគមន៏ដែលមានស្រាប់ចំងាយប្រហែល១គីឡូម៉ែត្រដោយស្នើបងប្អូនប្រជាពលរដ្ឋ, ៣៖ ផ្លូវលំភូមិ នឹងសិក្សាក្នុងពេលខាងមុខបន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវលំភូមិ៦ខ្សែដែលកំពុងដំណើរការសាងសង់, ៤៖ នឹងមានកំលាំងប៉ុស្តិ៍ចុះជួយបញ្ជាចរាចរ នឹងស្នើសុំប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ និងចូលរួមគោរពចរាចរ, ៥៖ ក្រុមការងារឃុំនឹងចុះទៅផ្ទាល់ដល់ផ្ទះដែលបានស្នើរសុំដើម្បីដំណើរការនិតិវិធីលក្ខខ័ណ្ឌ “ប័ណ្ណក្រីក្រ”, ៦៖ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ឡើងចែករំលែក “ការថែទាំសុខភាពស្រ្តី មានផ្ទៃពោះ” ដល់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបានកោតសរសើរឯកឧត្តម-លោកជំទាវដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងមន្រ្តីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង