ក្រុមប៉ូលិសរាជធានីភ្នំពេញចាប់ខ្លួនលោកផ្កាយ ស៊ុន ហួរ ពាក់ព័ន្ធបទល្មើសឆបោក និងក្លែងបន្លំឯកសារ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរាបាលរាជធានីភ្នំពេញចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសឆបោក និងក្លែងបន្លំឯកសារសាធារណៈ។

លោក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា លោក ស៊ុន ហួរ ដែលមានអាយុ៥៥ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន តាមបញ្ជារបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ឯក ជូន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលរងការចោទប្រកាន់ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ ដែលមានទំហំទឹកប្រាក់ជិត៤លានដុល្លារអាម៉េរិក ប្រព្រឹត្តិកាលពីកំឡុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

អ្នកនាំពាក្យបានបញ្ជាក់ថា បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរាបាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង