អភិបាលខេត្តកណ្ដាលណែនាំឲ្យប្រើប្រាស់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់

កណ្តាល៖ ឯកឧត្តម គួច ចំរើន បានណែនាំនិងបញ្ជាក់ថា «រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់សាងសងឱ្យមានគុណ និងភាពសោភ័ណ្ឌភាព ជាពិសេសឃុំ-សង្កាត់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានខ្ពស់ជាប់ជាប្រចាំ ទាំងការដឹកនាំ ការងាររដ្ឋបាល និងការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស»។

ការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អៗពីគ្រូប្រទេស ក្នុងសិក្ខាសាលាតាំងពីដើមរហូតដល់បញ្ចប់វគ្គដែលមានរយៈពេល ៦ថ្ងៃ។

ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្ត ដល់ឃុំ-សង្កាត់ត្រូវរៀបចំផែនការផែនការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យបានច្បាស់លាល់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិលត្រូវចេះចាត់ចែងថវិកាទៅលើគម្រោង ដែលជាអាទិភាព ជាតំរូវការបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទា​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជន ពីព្រោះអាចជួយឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានធាតុចូល តាមរយៈ​ចំណេះដឹងថ្មីៗ ដែលទទួលបានពីក្រុមយុវជន ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តយ៉ាងរឹងមាំ មកលើក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានបង្កើននូវភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងពិតប្រាកដ នៅមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា លទ្ធផលក្នុងវគ្គបណ្ដុះបណ្ដាលនេះ ផ្អែកតាមការបូកពិន្ទុលើការធ្វើតេស្តមុនវគ្គ (Post Test) គឺពិន្ទុទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ១៨% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៦៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន១៦%។ រីឯលទ្ធផលនៃការធ្វើតេស្តក្រោយវគ្គ (Pre Test) គឺពិន្ទុដែលទទួលបានកម្រិតខ្ពស់ចាប់ពី៨០ដល់១០០ពិន្ទុ មានចំនួន ៥៤.៤% ពិន្ទុកម្រិតមធ្យមពី ៥០ដល់៧០ពិន្ទុ មានចំនួន៣៩.៦% និងពិន្ទុខ្សោយ ឬធ្លាក់មធ្យមភាព មានចំនួន៦% បានបង្ហាញ់ឱ្យឃើញថា សមត្ថភាពរបស់សិក្ខាកាម មានការកើនឡើងយ៉ាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង