ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរស្រុកស្អាងត្រូវខិតខំធ្វើការដោះស្រាយជាបន្ទាន់ទៅលើបញ្ហាផ្គត់ផ្គង់សេវាទឹកស្អាត ពីព្រោះវាគឺជារឿងសំខាន់

កណ្តាល៖ ឯកឧត្តម គួច ចំរើន បានជំរុញដល់អាជ្ញាធរស្រុកស្អាងត្រូវខិតខំធ្វើការដោះស្រាយជាបន្ទាន់ទៅលើបញ្ហាផ្គត់ផ្គង់សេវាទឹកស្អាត ពីព្រោះវាគឺជារឿងសំខាន់ ហើយក៏ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះអាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ខ្ពស់ ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតធ្វើការកែលម្អឱ្យបានលឿន ទាន់ពេលវេលា បើធ្វើមិនបានត្រូវរកដៃគូសហការថ្មី ដើម្បីលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ ។ បន្ថែពីលើនេះ អាជ្ញាធរស្រុក ភូម-ឃុំ ក៏ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានានៅមូលដ្ឋានឱ្យអស់ និងឆាប់រហ័ស កុំទុកឱ្យរ៉ាំរ៉ៃត្រូវតែខិតខំដោះបញ្ចប់ឱ្យអស់ទាំងបញ្ហាតូច និងបញ្ហាធំ។

ការជំរុញរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកស្អាង ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត ដោយមានការចូលរួមពីឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុកស្អាង ត្រូវយកចិត្តទុកដាក់ទៅលើផែនការអភិវឌ្ឍក្នុងមូលដ្ឋានខ្លួន ត្រូវពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងថវិការអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព រាល់ការស្នើគម្រោង ទៅក្នុងផែនការ ៣ឆ្នាំ រំកិល និងផែនការ ៥ឆ្នាំ ត្រូវតែមានភាពច្បាស់លាស់ ជាគម្រោងដែលជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បញ្ហាសំខាន់ចំពោះរាល់បញ្ហាទឹកដកតាមផ្លូវ ផ្លូវខូចតិចតួច កុំចាំថវិកាគម្រោងត្រូវទទួលដោះស្រាយជាបន្ទាន់ជៀសវាងមានការថ្នាំងថ្នាក់ពីមហាជន។ ជាងនេះទៅទៀតអាជ្ញាធរស្រុក ត្រូវដឹកនាំមន្ត្រីរាជការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អឆាប់រហ័ស ពិសេសសេវារដ្ឋបាល កុំទុកចោលរហូតដល់មានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដោយឡែកសេវាសាធារណៈលើការអភិវឌ្ឍ សំដៅដល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវទឹក ផ្លូវគោក ស្ពាន លូ ប្រឡាយ អាជ្ញាធរត្រូវធ្វើការគិតគូរដោះស្រាយឱ្យបានល្អ បញ្ហាប្រឡាយដែលមានបញ្ហាកក់ស្ទះត្រូវស្ដារជាបន្ទាន់ ដើម្បីរំដោះទឹកកុំឱ្យមានការលិចលង់ នៅក្នុងរដូវវស្សានេះ ហើយត្រូវអប់រំណែនាំប្រជាពលរដ្ឋបញ្ឈប់ការចូលមករស់នៅលើប្រឡាយតទៅទៀត ពីព្រោះជារឿងខុសច្បាប់ និងមានគ្រោះថ្នាក់ផងដែរ។

ឯកឧត្តមក៏បានគាំទ្រលើកទឹកចិត្តឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវចាត់វិធានការច្បាប់លើបញ្ហាគ្រឿងញៀន ក្មេងទំនើង ដែលបានបង្ករអសន្តិសុខ បំផ្លាញដល់ក្រុមគ្រួសារ សង្គមជាតិ និងបុគ្គលខ្លួនឯងផ្ទាល់ អាចបង្កជាអំពើហិង្សាដល់អ្នកនៅជុំវិញទៀតផង ដូច្នេះត្រូវសហការគ្នាធ្វើការស្រាវជ្រាវចុះបង្ក្រាប់ឱ្យអស់គ្រប់ទីតាំងដែលសង្ស័យទាំងនៅទីប្រជុំជន និងជនបទ។ បញ្ហាល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបន្តបង្ក្រាបឱ្យអស់ពីមូលដ្ឋានផងដែរ ដោយប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ព្រោះល្បែងស៊ីសងខុសច្បាប់បានធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងនៅមូលដ្ឋាន។

ឯកឧត្ដមអភិបាលបន្ថែមថា ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាដើមចងធ្វើឱ្យអាយុជីវិតរបស់ប្រជាពលរដ្ឋបាត់បង់ជាច្រើននាក់ ពោលគឺខេត្តកណ្ដាលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជារឿងដែលគួរឱ្យសោកស្ដាយ ក្នុងករណីនេះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់កងកម្លាំងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមផ្លូវគោលដៅដើម្បីធ្វើការផាកពិន័យអ្នកដែលបើកបរមិនគោរពច្បាប់។

ឯកឧត្តមបានលើកឡើងថាបច្ចុប្បន្ន អ្នកមិនពាក់មួកមានជាង ៦៥% ហើយអ្នកជិះម៉ូតូមានប្រមាណ ៨០% ដូច្នេះកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើផាកពិន័យ អប់រំណែនាំ ជំរុញឱ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ពាក់មួកសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរិតចរាចរណ៍ កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង