អ្នកចូលរួមជាង៤០ម៉ឺននាក់ទៅលេងសង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនៅភ្នំព្រះរាជទ្រព្យ

 

កណ្ដាល៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយឯកឧត្ដមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឲ្យរដ្ឋបាលខេត្តរៀបចំសង្ក្រាន្តសន្តិភាពនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដោយបានបង្កើតឱ្យមានការលេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ ឆាកតន្ត្រី ការបាញ់កាំជ្រួច ឱ្យកាន់តែអធិកអធម។

សង្ក្រាន្តសន្តិភាពខេត្តកណ្ដាលបានរៀបចំឡើងនៅភ្នំព្រះរាជទ្រព្យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ដោយបានទាក់ទាញប្រជាពលរដ្ឋចូលរួមលេងកម្សាន្តចំនួន៤១៣,៧៧៦នាក់ ព្រមទាំងមានជនបរទេសចំនួន១៨២នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងពី «អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោបាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំងប្រទេស សម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ពីជំងឺកូវីដ១៩​ ទើបបង្កឱ្យមានភាពសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំថ្មី»។

សង្ក្រាន្តសន្តិភាពខេត្តកណ្ដាល គឺបានបង្ហាញពីតម្លៃសុខសន្តិភាពទូទាំងប្រទេស ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពយ៉ាងពេញលេញ និងមានឱកាសស្មើៗគ្នាដើម្បីធ្វើការអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង