រដ្ឋបាលខេត្តព្រៃវែងប្រារព្ធពិធីបើកការប្រគួតកីឡាពានរង្វាន់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធពិធីបើកការប្រគួតកីឡាពានរង្វាន់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងនោះ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានលើកឡើងថា នេះជាលើកទី១ដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំ ការប្រកួតកីឡាមហាជនក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីក្រុមកីឡាករ កីឡាការិនី មកគ្រប់ឃុំទូទាំង ខេត្ត លើប្រភេទកីឡា បាល់ទាត់ បាល់ទះ ប៉េតង់ វាយសី និងអត្តពលកម្ម ដើម្បីដណ្តើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អបអរសារទរទិវាជ័យជំនះ ៧ មករា ខួបទី៤៦ (០៧.០១.១៩៧៩-០៧.០១. ២០២៥) ) ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ នៅថ្នាក់ស្រុក/ក្រុង ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ និងនៅថ្នាក់ខេត្តចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៥ ដែលបាន ប្រារព្ធពិធីបើកជាផ្លូវការនាឱកាសនេះ ។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កីឡានាំមកនៅសាមគ្គីភាព និងបង្ហាញនូវក្តីស្រលាញ់ ដែលធ្វើឲ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលធ្វើឱ្យកីឡា កាន់តែរីកចម្រើនបន្តបន្ទាប់។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា បើគ្មានសុខសន្តិភាពពេញលេញ ពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះទេ គឺមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ ដូចពាក្យស្លោកថា (កីឡារស់ក្នុងសន្តិភាព)។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាពានរង្វាន់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៥០នាក់ ស្មើនិង ១៩៧ក្រុម មកពីបណ្ដាក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង នឹងធ្វើការប្រកួតក្នុងប្រភេទកីឡា ចំនួន០៥ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី កីឡាប៉េតង់ និងកីឡាអត្តពលកម្ម៕