អភិបាលខេត្តកណ្ដាលរំលឹកដល់គ្រប់អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ

កណ្តល៖ ឯកឧត្តម គួច ចំរើន បានក្រើនរំលឹកដល់គ្រប់អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ ត្រូវរួមសហការគ្នាធ្វើយ៉ាងណារៀបចំសម្អាតសោភ័ណ្ឌភាពទីក្រុងមានដូចជា៖ អនាម័យសម្រាមបរិស្ថាន កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ចំណតយានយន្ត ក្រុមគ្រូពេទ្យប្រចាំការ ស្តង់ពិព័ណ៍ទំនិញ ការបាញ់កាំជ្រួច ការប្រគំតន្រ្តីសម័យជាដើមនៅក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកំសាន្ត។

ការក្រើនរំលឹករបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំកម្មវិធីនានាក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះឱ្យបានគ្រប់ជ្រុងជ្រោយ តាមលំដាប់លំដោយ និងមានភាពច្បាស់លាស់ ងាយស្រួលដល់មហាជនចូលរួមមកទស្សនាកំសាន្ត។ ជាពិសេសត្រូវរៀបការចំតុបតែងឱ្យបានល្អទាំងពេលយប់ និងពេលថ្ងៃ ត្រូវដាក់តាំងបង្ហាញពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំនៅតាមផ្ទាំងអាហ្វីសប៉ាណូ ត្រូវរៀបចំកន្លែងស្នាក់នៅរបស់កីឡាករទូកឱ្យបានសមរម្យ ត្រូវមានចំបន្ទប់ទឹកសម្រាប់កីឡាករ និងអ្នកចូលរួមទស្សនាឱ្យបានល្អ ជាងនេះទៅទៀតត្រូវរៀបចំសម្រាប់ធ្នាប់ដល់អ្នកលក់ដូរក្នុពិធីឱ្យបានសមស្របមាន និងសណ្ដាប់ធ្នាប់ល្អផងដែរ។

គួរបញ្ជាក់ថា ឆ្នាំនេះខេត្តកណ្តាលនឹងរៀបចំពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កបរិយាកាសសប្បាយរីករាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។ ជាមួយគ្នានេះ ខេត្តក៏បានគ្រៀងរៀបចំដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ និងសប្បាយរីករាយ។

គួរជម្រាបដែរថា តាមរបាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស ក្នុងពិធីប្រណាំងទូក ទិន្នន័យបឋមមានទូកចូលរួមប្រកួតចំនួនចំនួន ៦៤ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៣ទូក និងទូកអុំបុរស ចំនួន ៣១ទូក៕

អត្ថបទដែលជាប់ទាក់ទង