លោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារ PJ ពីបទ «ឆបោក»
ភ្នំពេញ៖ លោក ដួង តារា ជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ក្រោមការចោទប្រកាន់ពីបទ «ឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ។
គួរជំរាបថា លោក ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីមួយចំនួនតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ហើយការឃាត់ខ្លួនបន្ទាប់ពីលោកធ្វើដំណើរត្រឡប់មកពីប្រទេសចិន។
បន្ទាប់ពីឃាត់ខ្លួន លោកដួង តារា រយះពេលជិត៤៨ម៉ោង សមត្ថកិច្ចក៏បានបញ្ជូលខ្លួន លោក ដួង តារា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ លុះរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួររួច ក៏សម្រេចចោទប្រកាន់ លើជនសង្ស័យ គឺលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ដួង តារា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ (PJ) រងចាំថ្ងៃកំណត់បើកសវនាការរបស់តុលាការដើម្បីជំនុំជំរះក្តី៕