បុរសម្នាក់ត្រូវបានគេបាញ់ត្រូវមួយគ្រាប់រងរបួសធ្ងន់សង្ឃឹមរស់តិចនៅខេត្តព្រៃវែង 

 

ព្រៃវែង៖ បុរសម្នាក់ត្រូវបានគេបាញ់មួយគ្រាប់ចំចង្កេះ បែកឆ្អឹង ធ្លាយខួរឆ្អឹង បណ្ដាលឲ្យក្បាលគ្រាប់បៀមជាប់ថ្លើមរងរបួសធ្ងន់ធ្ងរ សង្ឃឹមរស់តិចតួចបំផុត កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំថ្ងៃទី២ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណៈសមត្ថកិច្ចនគរបាលស្រុកបាភ្នំចំនួន៤នាក់ដឹកនាំដោយឈ្មោះ ស៊ាន ប៊ុនណាល់ អធិការរង ចុះបង្ក្រាបល្បែងមាន់ជល់ នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមពលរដ្ឋបានលួចលេងល្បែងជល់មាន់ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ចុះមកដល់ដកកាំភ្លើងខ្លីពីចង្កេះ បាញ់០១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរងរបួសធ្ងន់។ ភ្លាមនោះពលរដ្ឋបានចាប់ជនដៃដល់រួមនិងប៉ូលិស៣នាក់ ទៀតតែម្ដងទៅ។

ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ «មន្ទីរពេទ្យជោរ៉ៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ ប៉ុន្តែគិតមកដល់ល្ងាចទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ជនរងគ្រោះត្រូវបានបញ្ជូនចេញពីបន្ទប់វះកាត់ហើយ ទាំងដែលក្បាលគ្រាប់ យកចេញពីថ្លើមមិនបាននៅឡើយនោះទេ។

ប្រភពបន្តថា មូលហេតុដែលគ្រូពេទ្យ យកក្បាលគ្រាប់មិនបាន ក៏ព្រោះតែក្បាលគ្រាប់នោះ បៀមជ្រៅពេក ពោលគឺជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់មកបៀមជាប់ថ្លើមជ្រៅតែម្ដង ជាហេតុធ្វើឲ្យមានការសង្ឃឹមរស់តិចតួចបំផុត។

បើតាមលោក មុំ សារុំ អធិការស្រុកបាភ្នំ បានប្រាប់ឲ្យអ្នកកាសែតនៅល្ងាចថ្ងៃទី១៧ មេសានេះថា ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់។ លោកអធិការបន្តថា បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ាន ប៊ុនណាល់ កំពុងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី។

បើតាមលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងបានប្រាប់អ្នកកាសែតឲ្យដឹងច្បាស់ៗថា បើលោកបើកការស្រាវជ្រាវរកឃើញថា៖ ១-ជាចេតនា លោកនឹងឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង, ២-បើជាករណីអចេតនាដោយការពារខ្លួន លោកនឹងដាក់ពិន័យកងកម្លាំងកំរិតមធ្យម,និង៣-បើជាឧបហេតុធ្វេសប្រហែស លោកនឹងដាក់ពិន័យកងកម្លាំងកំរិតខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង