អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា «ករណីជនជាតិចិនបាញ់សម្លាប់គ្នានៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង មានប្រភពពីក្រៅប្រទេស»
ភ្នំពេញ៖ កាលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមពាក់ព័ន្ធនឹងវីដេអូ ជនជាតិចិនមួយក្រុមបានបាញ់ប្រហារទៅបុរសម្នាក់ជនជាតិចិនដូចគ្នា ក្នុងបន្ទប់ភោជនីយដ្ឋានមួយកន្លែង ។
ក្រោយពីទទួលបានដំណឹងនេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាផ្ទាល់ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ឃើញថា វីដេអូនេះពិតជាកើតមានឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ប្រាកដមែន ប៉ុន្តែមិនមែនស្ថិតនៅប្រទេសកម្ពុជានោះទេ គឺបានកើតឡើងនៅហាងចិនឈ្មោះ Xiaojungan, តំបន់ Makati ប្រទេសហ្វីលីពីន។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែខិតខំប្រឹងប្រែងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជានិច្ច។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម កុំធ្វើការបង្ហោះ ប្ញ ចែកចាយបន្ត ដើម្បីកុំឲ្យមានភាន់ច្រឡំ និងបង្កជាអសន្តិសុខសង្គម មិនត្រឹមតែប៉ុណ្ណោះអ្នកបង្ហោះឫសចែកចាយអាចប្រឈមនិងការអនុវត្តច្បាប់៕