មេPM សំ តុលា ព្រមានថា នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ បើរកឃើញបុគ្គលអាវុធហត្ថណាប្រព្រឹត្តបទល្មើស មានកំហុស មិនគោរពក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវ:

 

កណ្តាល៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានណែនាំមន្ត្រីក្រោមឱវាទដោយមិនត្រូវប្រើឥរិយាបថបំពានក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវ: ល្មើសបទវិន័យកងទ័ព ក្នុងនាមជាមន្រ្តីប្រតិបត្តិច្បាប់ ពិសេសមិនត្រូវយកអារម្មណ៍ផ្ទាល់ខ្លួនធ្វើខុសពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។

ការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អប់រំណែនាំ ការងារនយោបាយចិត្តសាស្ត្រ ច្បាប់លក្ខន្តិក:ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍មេបញ្ជាការបានថ្លែងថា ដោយអនុវត្តតាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបន្តណែនាំមន្ត្រីក្រោមឱវាទត្រូវអនុវត្តទិសស្លោក «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

លោកមេPMខេត្តបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញបុគ្គលអាវុធហត្ថណាប្រព្រឹត្តបទល្មើស មានកំហុស នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់។

គួរជម្រាបថា កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom Meeting ពីមេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ចល័ត មេបញ្ជាការក្រុងស្រុកទាំង ១៣ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង