ឯកឧត្តម គីម រិទ្ធី៖ «បើស្រទ្បាញ់ជាតិ ត្រូវស្គាល់ទឹកដី»
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា «បើស្រទ្បាញ់ជាតិ ត្រូវស្គាល់ទឹកដី»។ នេះការគូសបញ្ជាក់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោម ប្រធានបទ «ទេសចរណ៍ និងសន្តិភាព» នៅប្រាសាទកោះកេរ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង និងដើរតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារធ្វើដោយផ្ទាល់ និងដោយប្រយោល។ ឯកឧត្ដមបានបន្តថា ក្នុងនោះក្រសួងទេសចណ៍ក៏បានដាក់ចេញនូវផែនទីចង្អុលផ្លូវ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ និងរដ្ឋបាលខេត្តក៏បានធ្វើបច្ចុប្បន្នកម្ម (២០២១- ២០២៥) ដោយផ្តោតលើការបន្តចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រវាងរដ្ឋ ជាមួយវិស័យឯកជន ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋ ក្នុងទស្សទាន «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» ដែលក្នុងនោះ យើងត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ជាអាទិភាព ដូចខាងក្រោម៖
១៖ ត្រូវប្រកាន់យកភាពស្អាត ដែលជាអភិក្រមថ្មី ព្រោះវិស័យទេសចរណ៍ ទាមទារឱ្យមានភាពស្អាត ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត ក្នុងន័យនេះគឺ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ដូចជាប្រាសាទបុរាណ , ស្អាតដោយមាន បរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព,និងស្អាតដោយមានឱជារស់ឆ្ងាញ់ពិសារ។
២៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការគ្រប់គ្រងកាកសំណល់ សម្អាតអនាម័យ បរិស្ថានឱ្យបានស្អាត ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត ខេត្តស្អាត និងបៃតង ក្រោមគោលគំនិត៖ ភាពស្អាត និងបៃតងត្រូវចាប់ផ្តើមពីមនុស្សម្នាក់ៗ ពីគ្រួសារមួយ, ភូមិមួយ ស្រុកមួយ ក្រុងមួយ និងខេត្តមួយ។
៣៖ ត្រូវចូលរួមគាំទ្រ និងជំរុញផ្សព្វផ្សាយ ការលើកកម្ពស់ចលនាទេសចរក្នុងស្រុកដោយផ្សារភ្ជាប់ជាមួយស្មារតីស្រឡាញ់ជាតិតាមទិស ស្លោក «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
៤៖ ត្រូវបង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍ ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឱ្យមានការសិក្សាស្រាវជ្រាវរក ដំណោះស្រាយថ្មីៗ នៅក្នុងសេវាកម្មទេសចរណ៍ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។
៥៖ ត្រូវបន្ត និងពង្រឹងកិច្ចសហការរវាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ដើម្បីរៀបចំផែនការ អភិវឌ្ឍទេសចរណ៍ជនបទបន្ថែមទៀត ដោយឈរលើគោលការណ៍ នៃការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់មូលដ្ឋាន, សហគមន៍ទេសចរណ៍ ដែលកំពង់ដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត សំដៅពង្រឹងតួនាទី ទេសចរណ៍ និងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិ ទេសចរណ៍ឆ្នើម ពិភពលោក។ ដែលរៀបចំឡើងដោយអង្គការទេសចរណ៍។
៦៖ ត្រូវបន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម ក្នុងវិស័យទេសចរណ៍ ដោយដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ច ទេសចរណ៍ជនបទ និងយុទ្ធនាការ ការបង្កើតថ្មី និងនវានុវត្តន៍ ទេសចរណ៍ ។
ឯកឧត្ដមអភិបាលបានលើកឡើងថា បច្ចុប្បន្នខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៥ រាជធានី ខេត្ត និងមានគោលដៅទស្សនាកម្សាន្តជាច្រើនថែមទៀតដូចជា គោលដៅវប្បធ៌មប្រវត្តិសាស្ត្រ គោលដៅវប្បធ៌មធម្មជាតិ គោលដៅសហគមន៍ គោលដៅអភិរក្ស និងគោលដៅរមណីយដ្ឋានកែច្នៃ។
ឯកឧត្ដមប្រធានគណៈបញ្ជាការឯកភាពខេត្តបានលើកឡើងថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានបន្តដឹកនាំរក្សាបាននូវសុខសន្តិភាព ស្ថិតភាពនយោបាយ និងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺ ការយកចិត្តទុកដាក់ ខ្ពស់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់បណ្តាប្រទេស និងរដ្ឋជាសមាជិកអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយផ្តោតទៅលើការលើកកម្ពស់ និងការអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា សំដៅជំរុញឱ្យមាននូវឱកាសការងារ ឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងរួមវិភាគទានយ៉ាងសំខាន់ក្នុង ការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ ឈានទៅរកសង្គមមួយប្រកបដោយសុខដុមនា រុងរឿង និងសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ជាមួយនោះ ឯកឧត្ដមអភិបាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងមន្ទីរទេសចរណ៍ ដែលបានខិតខំប្រឹង ប្រែងសហការរៀបចំកម្មវិធី និងព្រឹត្តិការទេសចរណ៍ផ្សេងៗ ក្នុងគោល ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្លើយតបនឹងបរិបទសកល នាពេលបច្ចុប្បន្ន និងអនាគត សំដៅលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺ ការរៀបចំទិវាទេសចរណ៍ ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» ក្នុងគោលបំណងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ក្រោមយន្តការចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ លើកកម្ពស់សោភ័ណភាព សុខមាលភាព ភាពស្អាត បរិស្ថានល្អ និងទាក់ទាញទេសចរណ៍៕