ឆ្ងាញ់ណាស់មែនទេ ដីចំណីទន្លេណឹង ហេតុអ្វីអស់លោកអ្នកមានលុយ មានអំណាចចូលចិត្តលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកម៉្លេះ នៅសង្កាត់កោះអន្លង់ចិន?
កណ្ដាល៖ វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ទឹកដីខេត្តកណ្ដាលដែលតែងតែកើតមានជាហូរហែចំពោះបុគ្គលមួយដំបរស្វា អាងខ្លួនមានលុយ មានអំណាច មានបក្ខពួកបានឃុបឃិតគ្នាលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកដីច្រាំទន្លេ ដីចំណីទន្លេ ដីមាត់ទន្លេ ឬដីមាត់បឹង និងដីមាត់ព្រែកនោះ ដែលវាផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ។
តើអស់លោកពិតជាឆ្ងាញ់ណាស់មែនទេ ចំពោះដីច្រាំទន្លេ ដីចំណីទន្លេ ដីមាត់ទន្លេឬដីមាត់បឹង មាត់ព្រែកបានជាអស់លោកអ្នកមានលុយ មានអំណាចមួយដំបរស្វានោះចូលចិត្តលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកម៉្លេះ?
ជាក់ស្ដែងដីចំណីទន្លេស្ថិតនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាលកំពុងត្រូវបានគេលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកដោយមិនចេះខ្មាស់អៀន មិនខ្លាចញញើតថាជាទង្វើផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ និងច្បាប់របស់ប្រទេសជាតិឡើយ ពោលគឺទល់ពេលនេះ សំណង់ខាងលើបាននៅតែលួចបន្តសាងសង់ជារៀងរាល់ថ្ងៃដោយពុំមានមន្ត្រីជំនាញឬអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុង ខេត្តណាចុះទៅពិនិត្យជាក់ស្ដែងនិងហាមឃាត់ឬបង្អាក់ការសាងសង់នោះទេ។
បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)
*ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
*ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
*អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
*ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងការលួចសាងសង់រំលោភយកដីមាត់ទន្លេនៅចំណុចខាងលើ ប្រជាពលរដ្ឋដែលរស់នៅក្បែរសំណង់ខុសច្បាប់នោះ បានលួចខ្សឹបប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ពួកមិនសប្បាយចិត្តនោះទេ ព្រោះការសាងសង់នោះលយចូលក្នុងដីទន្លេជ្រៅណាស់ហើយបានបាំងដីពួកគាត់ដោយមិនឲ្យដុះដីល្បាប់មកលើដីពួគគាត់ទៀតផង។
ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំនូមពរដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមេត្តាមានវិធានការចុះបង្ក្រាបករណីលួចសាង់សង់សំណង់បេតុងរឹងមាំចូលក្នុងដីទន្លេខាងលើនេះផង៕