អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យស្នងការខេត្តព្រៃវែងឃាត់ខ្លួនអធិការរងស្រុកបាភ្នំទៅតុលាការ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការវិនិច្ឆ័យតាមច្បាប់ ករណីផ្ទុះអាវុធ បណ្តាលឱ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ធ្ងរ ខណៈពេលចុះបង្ក្រាបល្បែងជល់មាន់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា «ទាក់ទងករណីនេះ ខ្ញុំបានណែនាំទៅស្នងការនគរបាលខេត្តព្រៃវែង ដោយបញ្ជាឱ្យឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត និងផ្អាកការងារបណ្ដោះអាសន្ន ហើយបញ្ជូនឯកសារទាំងស្រុងទៅតុលាការវិនិច្ឆ័យទោសតាមផ្លូវច្បាប់ និងបញ្ជាឱ្យស្នងការចុះសួរសុខទុក្ខ និងសុំទោសដល់គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល»។
បើយោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះល្បាតចល័តក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។ ពេលចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគេលបលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែងស៊ីសង (ជល់មាន់)ពិតប្រាកដមែន។ ភ្លាមៗ..! គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចទៅដល់ ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាចតែម្ដង។
ខណៈនោះ លោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឱ្យក្រុមប្រជាពលរដ្ឋលេងល្បែងភ្នាល់ទាំងនោះឈប់ តែពួកគេមិនព្រមស្ដាប់ ទើបលោកអធិការរងចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឱ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឱ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់ បៀមជាប់ថ្លើមជ្រៅ ទើបគ្រូពេទ្យ មិនអាចវះកាត់យកក្បាលគ្រាប់ចេញបាន បច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យជោរ៉ីភ្នំពេញ៕