សម្តេចតេជោ ហ៊ុន សែន ផ្តាំលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ និងបានជូនពរឱ្យលោក ជេម សុខ ឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្សទៀតផង

(ប៉េកាំង-ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឆ្លៀតផ្តាំលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ សម្តេចតេជោបានឌឺដងឱ្យលោក ជេម សុខ ថា សម្តេចមិនបបួលលោក ជេម សុខ ស្បថចំពោះអ្វីដែលលើកឡើងនោះទេ ព្រោះខ្លាចងាប់ឆ្កែរបស់ ជេម សុខ។សម្តេចបានជូនពរឱ្យលោក ជេម សុខ ឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនបើចង់។

នៅក្នុងសំណេរសម្ដេចបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសចិន មិនមែនជាដំណើរទស្សនកិច្ចបែបតក់ក្រហល់នោះឡើយ គឺបានរៀបចំតាំងពីប្រហែលពីរខែមុនមកម្ល៉េះ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

គួរជម្រាបថា សម្តេចតេជោបានឆ្លើយតបទៅលោក ជេម សុខ អ្នកនិយាយតាមបណ្តាញសង្គមដែលបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរតក់ក្រហល់។

នៅក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ជូនប្អូនជេម សុខ បងមើលតិកតុកឃើញប្អូននិយាយថា លោក ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថា គម្រោងទស្សនកិច្ចនៅចិនរបស់បង គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនពីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល ឬតក់ក្រហល់នោះទេ»

គួររំលឹកថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅចិន។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន៕

 

អត្ថបទដែលជាប់ទាក់ទង