Breaking News: កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាបបានគ្រឿងញៀនជាង២តោន និងឃាត់ខ្លួនជនល្មើសបាន១នាក់ ខណៈ២នាក់ទៀតបានរត់គេចខ្លួន
កណ្ដាល៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបនិងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ MDMA (ថ្នាំគ្រាប់) ទម្ងន់ ១.៤២៤.១៥០ ក្រាម (១តោន ៤២៤គីឡូ ១៥០ក្រាម), គ្រឿងញៀនប្រភេទ MDMA (ម្សៅ) ទម្ងន់ ១១៤. ៨៥៧ ក្រាម (១១៤គីឡូ ៨៥៧ក្រាម) និងសារធាតុគីមី (Cellulose) ទម្ងន់ ៥៩៣ គីឡូ (ប្រាំរយកៅសិបបីគីឡូ) រួមជាមួយឧបករណ៍សម្រាប់ផលិត និងកែច្នៃគ្រឿងញៀនមួយចំនួន។ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចផ្ទះលេខ០៨ ឬ៥៦៧ ផ្លូវប៉េតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៨៥១ អ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២១៧២ ដកសស ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានជនត្រូវចោទចំនួន ០៣ នាក់៖ ១.ឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ (មានខ្លួន) ជនជាតិឥណ្ឌា ត្រូវចោទប្រកាន់ពីបទៈ ផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះលេខ០៨ ឬ៥៦៧ ផ្លូវប៉េតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៩, មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ២.ឈ្មោះ SEWAK SINGH ភេទប្រុស អាយុប្រហែល ២២ឆ្នាំ (គេចខ្លួន) ជនជាតិឥណ្ឌា និង៣. ឈ្មោះ MONCHI ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ (គេចខ្លួន) ជនជាតិប៉ាគីស្ថាន ត្រូវចោទ ប្រកាន់ពីបទៈ ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចទីតាំងផ្ទះលេខ០៨ ឬ៥៦៧ ផ្លូវប៉េតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៩ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់លើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ SARABJIT នៅពន្ធនាគារ ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល៖