Update: ករណីដឹកសពយកទៅទម្លាក់ចោលដូចខ្មោចសត្វនៅស្រុកកៀនស្វាយ ខណៈកម្លាំងជំនាញកំពុងចុះស្រាវជ្រាវឆែកតាមកាំមេរ៉ាសុវត្ថិភាពរកមើលមធ្យោបាយដែលដឹកសពមកទម្លាក់ចោល ប៉ុន្តែមិនទាន់មានតម្រុយនៅឡើយ
កណ្ដាល៖ មានករណីដឹកសពយកទៅទម្លាក់ចោលដូចខ្មោចសត្វនៅស្រុកកៀនស្វាយ នៅចំណុចផ្លូវលំជាប់ប្រឡាយ ស្ថិតនៅក្នុងភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈកម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌស្រុកកំពុងចុះស្រាវជ្រាវឆែកតាមកាំមេរ៉ាសុវត្ថិភាពរកមើលមធ្យោបាយដែលដឹកសពមកទម្លាក់ចោល ប៉ុន្តែមិនទាន់មានតម្រុយនៅឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាមប្រភពពីមន្ត្រីជំនាញស្រុកកៀនស្វាយបានឲ្យដឹងថា កាលពីវេលាម៉ោង៦៖៥៣នាទី ថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២៤ មានករណីប្រទះឃើញសាកសពនៅក្រោមដើមច័ន្ទគីរី (អំពិលទឹកបារាំង) ចំណុចផ្លូវលំជាប់ប្រឡាយ(វរៈមួយ)ស្ថិតក្នុងភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយពីផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រហែល៦០០m។
ប្រភពបញ្ជាក់ថា គ្មានជនសង្ស័យនោះទេ ប៉ុន្តែជនរងគ្រោះមានចំនួន១នាក់ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើតាមជំនាញពិនិត្យថា សាកសពស្លាប់ដោយសារជំងឺប្រចាំកាយ(ស្គមរីងរី)។ សាកសពបានប្រគល់ជូនអាជ្ញាធរភូមិឃុំដើម្បីបញ្ចុះរងចាំបងប្អូនសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពពីមន្ត្រីជំនាញថ្នាក់ខេត្តមួយរូបបានបញ្ជាក់ឲ្យ The Mirror News ដឹងថា ការលាក់បំបាំងតម្រុយភស្តុតាង ឬចល័តសាកសពគឺជាបទល្មើសព្រហ្មទណ្ឌ។ យោងតាមមាត្រា៥៣១៖ «បទលាក់បំបាំងសាកសព» អំពើដែលធ្វើឱ្យបាត់ ឬលាក់បំបាំងសាកសពបុគ្គលណាម្នាក់ដែលរងគ្រោះពី បទមនុស្សឃាត ឬទទួលមរណភាពបន្ទាប់ពីអំពើហិង្សាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន)រៀល។ និងមាត្រា ៥៣២៖ «បទលាក់បំបាំងតម្រុយ» អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកន្លែងនៃ បទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឱ្យឃើញនូវ ការពិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន)រៀល ទៅ៦ ០០០ ០០០ (ប្រាំមួយលាន)រៀល៕