លោក ឃឹម ហ្វីណង់ ទទូចដល់អ្នកបង្កើតមាតិកា កុំផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ បានទទូចដល់អ្នកបង្កើត មាតិកាលើបណ្ដាញសង្គម កុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ មិនត្រឹមត្រូវនិងបង្កើតការភាន់ច្រឡំពីសាធារណជន។
លើបណ្ដាញសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរថា «សូមផ្ញើរជូន ដោយទទូចដល់បងប្អូន អ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយក វិស័យកសិកម្មមក លេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើង បែបចំអកថាថ្លៃស្រូវ ត្រឹម តែ៨០០រៀលគឺ ជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាលការសម្តែង ដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង»។
ប្រតិកម្មបានកើតឡើងបន្ទាប់លើបណ្ដាញសង្គម ប៉ុន្មានថ្ងៃចុងក្រោយនេះមាន តិកតុកជាដើម បានយកបទចម្រៀង ចាប៉ីដងវែង មួយដែលកំពុងមានការចាប់អារម្មណ៍(សេកមន្ត) មកប្តូរទំនុក ច្រៀងទាក់ទងនឹងតម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឡែបខាយនេះ ប្តូរទំនុកដោយចម្អកនិយាយពីតម្លៃស្រូវមួយគីឡូក្រាម៨០០រៀលទៅវិញ ហើយក៏ត្រូវបានចែករំលែក និងយកមកច្រៀងតៗគ្នា។
នៅថ្ងៃទី៤ ខែធ្នូនេះដែរអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានបង្ហាញ បច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមាន មន្ត្រីកសិកម្ម ឃុំ ទៅដល់។ តម្លៃគឺ ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុងមួយ គីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់ ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀប គ្នានោះទេ។
បើតាមលោក ឃឹម ហ្វីណង់ គឺ ៩០ភាគរយនៃផលិតកម្មស្រូវរបស់ កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត និងអាចមានតម្លៃត្រឹមជាង៩០០ រៀល តែក៏ជាតម្លៃល្អរួចទៅហើយ ព្រោះការធ្វើស្រូវប្រភេទនេះមានថ្លៃដើម ទាបខ្លាំង បើធៀបនឹងការធ្វើអង្ករក្រអូបឬអង្ករស ហើយក៏មិនមែនផលិតដើម្បីហេតុផលពាណិជ្ជកម្មដែរ៕