មនុស្ស៤នាក់ត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចឃុំខ្លួនដាក់ពន្ធនាគារដោយមិនពាក់ព័ន្ធនិន្នាការនយោបាយឡើយ

ព្រៃវែង៖ មនុស្សចំនួន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ហើយត្រូវសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្នុងសំណុំរឿង២ផ្សេងគ្នា ដោយមិនពាក់ព័ន្ធ និងនិន្នាការនយោបាយ។

យោងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រៃវែងដែលសារព័ត៌មានយើងទទួលបាន នៅយប់ទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនត្រូវចោទមានចំនួនសរុប៤នាក់៖ ទី១.ឈ្មោះ អៀង ជា ភេទប្រុសអាយុ៥២ឆ្នាំ។ទី២.ឈ្មោះ ហេង សំអឿន ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ពីបទ «ការក្លែងបន្លំប្រើប្រាស់លិខិតក្លែង»និងបទ «សមគំនិតអំពើក្លែងបន្លំ» តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ រីឯជនត្រូវចោទចំនួន២នាក់ទៀត៖ ទី១.ឈ្មោះ សេង វិសាល (ហៅទូច) ភេទស្រី អាយុ៤៩ឆ្នាំ។និងទី២.ឈ្មោះ ប៊ិន ចូង ភេទប្រុសអាយុ ៦២ឆ្នាំ អ្នកទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែងសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ពីបទ «ការក្លែងបន្លំប្រើប្រាស់លិខិតក្លែង»និងបទ «សមគំនិតអំពើក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង» តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

បើតាមលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែងបានបញ្ជាក់ប្រាប់សារព័ត៌មានយើង នៅយប់ទី១៩ ខែមេសា ឆ្នាំ២០២៣ថា រាល់នីតិវិធីនៃការចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទទាំង៤នាក់ខាងលើ គឺមិនពាក់ព័ន្ធ និងនិន្នាការនយោបាយនោះទេ ពោលគឺពួកគាត់ប្រព្រឹត្តបទល្មើសដោយខ្លួនឯង។

លោក ចាន់ វណ្ណះ បន្តថា ក្នុងរឿងរ៉ាវនេះ មានជនរងគ្រោះជាដើមចោទ ចំនួន២នាក់ផ្សេងគ្នា ហើយសំណុំរឿង ក៏២ដាច់ដោយឡែកពីគ្នាដែរ។

គួរជម្រាបជូនថា ក្នុងសំណុំរឿងមានពីរ៖ សំណុំរឿងទី១. លេខ២០៣ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ឈឺ ឈាន ភេទប្រុស អាយុ៥០ឆ្នាំ បានប្ដឹង«ឈ្មោះ អៀង ជា និងឈ្មោះ ហេង សំអឿន»។ សំណុំរឿងទី២. លេខ២៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ប៉ង់ ហ៊ុន បានប្ដឹង«ឈ្មោះ សេង វិសាល និងឈ្មោះ ប៊ិន ចូង»។

បច្ចុប្បន្នជនត្រូវចោទទាំង៤នាក់ខាងលើ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង