ចោរវ័យជំទង់អាយុទើប១៥ឆ្នាំ ជំនាញគាស់ទម្លុះទម្លាយលួចយ៉ាងសកម្ម លួចបានជាង៥៦លើក រួចយកលុយទៅចែកក្មេងៗ ចាស់ៗផ្អើលភូមិ ត្រូវបានកម្លាំងPMខេត្តកណ្ដាលចាប់ក្របួចយកញាត់គុកទៀតហើយ

កណ្ដាល៖ ចោរវ័យជំទង់ជំនាញគាស់ទម្លុះទម្លាយលួចឆ្លងស្រុកយ៉ាងសកម្មម្នាក់បានប្រព្រឹត្តអំពើលួច បានចំនួនជាង៥៦លើក រួចយកលុយដែលលួចបានទៅចែកក្មេងៗ និងចាស់ៗក្នុងភូមិផ្អើលភូមិ តាំងខ្លួនដូចជាចោរចិត្តជាក្នុងរឿងភាពយន្តចិន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលរបស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ សំ តុលា ចាប់ឃាត់ខ្លួនបានហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

បើតាមប្រភពពីមន្ត្រីជំនាញកងរាជអាវុធហត្តខេត្តកណ្ដាលបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញា។

ប្រភពបន្តថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចវត្តក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះជាព្រះសង្ឃព្រះនាម វ បរ គង់នៅក្នុងវត្តកើតហេតុខាងលើ ដោយព្រះសង្ឃបានបាត់បង់ប្រាក់ចំនួនជាង ២០ ០០០ ០០០រៀល។

កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះស្រាវជ្រាវជាបន្តបន្ទាប់ ដោយតាមរុករកជនសង្ស័យដល់ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ សភ សផ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ក្រុងសំពៅពូន ខេត្តកណ្តាល។ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅជាមួយគ្នា បានរត់គេចខ្លួន។

នៅចំពោះមុខជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាព៥៦លើក ក្នុងនោះ៖ *ក្នុងឆ្នាំ២០២០ បានធ្វើសកម្មភាពលួចចំនួន ២០លើក រួមជាមួយបក្សពួកចំនួន ០៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ មានអាយុចន្លោះ ២០ឆ្នាំ ជិះម៉ូតូចំនួន ០២គ្រឿងម៉ាក SCOOPY និង C125  និងជិះកង់។ លួចបានប្រាក់ចំនួន ១៥ ០០០ ០០០រៀលទៅ១៦ ០០០ ០០០រៀល។ ក្រោយមកបក្សពួកទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន (នៅសល់តែជនសង្ស័យម្នាក់)។ *ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពលួចម្នាក់ឯងចំនួន ១៩លើក តាមផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រៅមូលដ្ឋាន (ចំនួនទឹកប្រាក់មិនចាំ)។ *ក្នុងឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពលួចចំនួន ០៤លើក បានទឹកប្រាក់សរុបចំនួន ២ ៥០០ ០០០រៀល ក្នុងនោះ៖  ១.នៅផ្ទះវេរប្រាក់វីង ក្នុងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូនចំនួន ០១លើក។ ២.នៅវត្តទួលវិហារ សង្កាត់សំពៅពូន ក្រុងសំពៅពូនចំនួន ០៣លើក។ *និងក្នុងឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពលួចតាមវត្តចំនួន០៨វត្ត ស្មើនឹង១៣លើកក្នុងនោះ៖ ១.នៅវត្តពោធិយួន សង្កាត់ព្រែកស្តី ក្រុងសំពៅពូនចំនួន ០៥លើក បានទឹកប្រាក់ចំនួន ៣ ០០០ ០០០រៀល។  ២.វត្តកោះអណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូនចំនួន ០២លើក បានទឹកប្រាក់ចំនួន ១០ ០០០ ០០០រៀល។  ៣.វត្តឈើខ្មៅ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ចំនួន ១ ០០០ ០០០រៀល ។  ៤.វត្តដើមពោធិ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ចំនួន ៨០០ ០០០រៀល។ ៥.វត្តជ្រោយតាកែវ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ច្រើនមិនចាំចំនួន។ ៦.វត្តព្រែកអំបិល ស្រុកស្អាងចំនួន ០១លើក បានទឹកប្រាក់ចំនួន ៨០៥ ០០០រៀល។ ៧.វត្តព្រែកឬស្សីខាងកើត ក្រុងតាខ្មៅចំនួន០១លើក បានទឹកប្រាក់ចំនួន ២ ០០០ ០០០រៀល។ ៨.វត្តព្រែកឬស្សីលិច ក្រុងតាខ្មៅចំនួន ០១លើក បានទឹកប្រាក់ ១០ ០០០ ០០០រៀល។

តាមចម្លើយរបស់ជនសង្ស័យ ពួកគេធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងភូមិសាស្រ្តក្រុងសំពៅពូន ស្រុកស្អាង ស្រុកកោះធំ និងក្រុងតាខ្មៅ ហើយពេលលួចប្រាក់បាន យកទៅចែកក្មេងៗ និងចាស់ៗក្នុងភូមិ សល់ប៉ុន្មានលែងល្បែងពេលមានបុណ្យទានក្នុងភូមិ និងចាយវាយខ្លួនឯង។

បច្ចុប្បន្នជំនាញបានអនុវត្តតាមនីតិវីធីច្បាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនិងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច និងកំពុងខិតខំស្រាវជ្រាវបន្តតាមរុករកចាប់បក្សពួកពាក់ព័ន្ធ។

ទន្ទឹមនេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ សំ តុលា សូមអំពាវនាវដល់ អាណាព្យាបាលទាំងអស់ សូមតាមដានត្រួតពិនិត្យគ្រប់គ្រងមើលថែទាំ តម្រង់ផ្លូវកូនៗចៅៗឲ្យបានល្អ និងបង្ការ ទប់ស្កាត់ កុំឲ្យមានបញ្ហាដូចរឿងខាងលើ ដែលនឹងនឹកស្មានមិនដល់ និងកុំឲ្យមានរឿងអាស្រូវ អស់សង្ឃឹម៕

អត្ថបទដែលជាប់ទាក់ទង