នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ និងពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេចក្នុងរបបប៉ុលពត ដោយគ្រូពេទ្យមានការធ្វេសប្រហែសបានធ្វើឱ្យធ្លាក់កូនរបស់សម្ដេចទើបសម្រាលពីដៃ។ សម្ដេចក៏បានអំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស ដើម្បីឱ្យសមនឹងប្រសិទ្ធនាមថា «គ្រូពេទ្យ ជាកងទ័ពអាវ ស»។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣ នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។

សម្តេចតេជោបានថ្លែងទៀតថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង