លោកចៅហ្វាយខេត្តព្រះសីហនុដាក់បទបញ្ជាឱ្យរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ព្រះសីហន៖ លោក ម៉ាង ស៊ីណេត បានដាក់បទបញ្ជាឱ្យបណ្តាអង្គភាព កងកម្លាំងចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងផែនការសកម្មភាពរបស់អង្គភាព ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តផែនការសកម្មភាព ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។
ការដាក់បទបញ្ជារបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងកិច្ចប្រជុំរៀបចំផែនការសកម្មភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៥ និងកងកម្លាំងប្រដាប់អាវុធ នាថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤។
លោកបានលើកឡើងថា ការបើកកិច្ចប្រជុំ ក្នុងគោលបំណងធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសម្រាប់ខេត្តព្រះសីហនុ ដោយពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្លើយតបទៅនិងការគ្រប់គ្រងបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម ជាពិសេសការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តក៏ដូចជាអ្នកវិនិយោគកំពុងបណ្ដាក់ទុននៅលើទឹកដីខេត្តព្រះសីហនុនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធជាមួយនឹងស្ថាប័ននានាក្នុងការរៀបចំកម្លាំង មធ្យោបាយ និងវិធានការសរុប ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកចៅហ្វាយខេត្តបានបញ្ជាក់ថា ភារកិច្ចគ្រប់គ្រងតាមគោលដៅដែលមានលក្ខណៈស្មុគស្មាញនៅក្នុងមូលដ្ឋានរួមទាំងទីតាំងកម្សាន្តសប្បាយមនុស្សពេញវ័យ ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដោយធ្វើរដ្ឋបាលចំហរត្រួតពិនិត្យបទល្មើសផ្សេងៗតាមការចាំបាច់ ត្រូវរៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយ សម្ភារៈ និងកំណត់ពេលវេលាទីតាំង និងស្ថានភាពជាក់ស្តែង ដើម្បីត្រួតពិនិត្យបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ រៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ទីប្រជុំជន ផ្សារ សាលារៀន រមណីយដ្ឋានទេសចរណ៍ និងតំបន់ឆ្នេរ ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្មេងទំនើង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ និងច្បាប់ផ្សេងៗពាក់ព័ន្ធការពារធនធានធម្មជាតិ និងដីរដ្ឋជាដើម៕