លោកផ្កាយ២ ឈឿន ប៊ុនឆន អួតក្ដែងៗថា កងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានលះបង់កម្លាំងកាយ ចិត្តគ្រប់យ៉ាង ខិតខំធ្វើការតស៊ូជម្នះរាល់ឧបសគ្គ ក្នុងពេលបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

(ព្រៃវែង)៖ លោកស្នងការ ឈឿន ប៊ុនឆន បានអួតក្ដែងៗថា «វឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តព្រៃវែង កងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានលះបង់កម្លាំងកាយ ចិត្តគ្រប់យ៉ាង ខិតខំធ្វើការតស៊ូជម្នះរាល់ឧបសគ្គ ក្នុងពេលបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានផ្លែផ្កានូវស្នាដៃធំៗជាច្រើន បានធ្វើឱ្យបរិយាកាសសង្គមទាំងមូលមានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសការធានាបានទាំងស្រុងនូវសុវត្ថិភាព ក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឋព្រមទាំងពិធីបុណ្យជាតិផ្សេងៗ ជាច្រើនទៀតផងដែរ»

ការអួតក្ដែងៗរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំអាគារ «A» សាលាខេត្តព្រៃវែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីលោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១១៦ ប៉ុស្ដិ៍ផងដែរ។

លោកស្នងការបានបន្តថា ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់គណ:ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលរបស់ខ្លួន ថាតើសម្រេចបានដូចផែនការដែលបានគ្រោងទុក ដែលឬអត់?។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលោកផ្កាយ២បានធ្វើការណែនាំឲ្យធ្វើការបែងចែកក្រុមពិភាក្សាជា៦ក្រុម៖ ១.ក្រុមស្នងការរង ២.ក្រុមនាយការិយាល័យទាំង៣០ ៣.ក្រុមអធិការក្រុង-ស្រុកទាំង ១៣ ៤.ក្រុមអធិការរង ៥. ក្រុមនាយផ្នែក និង៦. ក្រុមនាយប៉ុស្តិ៍ទាំង ១១៦ ដោយលើកឡើងនៅបញ្ហាប្រឈម និងដំណោះស្រាយ លើកទើសដៅផែនការអនុវត្តបន្ថែមនៅឆ្នាំខាងមុខយកមកពិភាក្សាក្នុងក្រុមនីមួយៗ ទាំងនេះ សបញ្ជាក់អំពី ការជំរុញលើកទឹកចិត្តក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង